ភ្នំពេញ៖ ថ្ងៃអង្គារ ៤រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលរាជធានី ខេត្ត ស្តីពី "ការលើកកម្ពស់សមភាពយេនឌ័រ បរិយាបន្ន និងសមធម៌សង្គមក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលថ្នាក់ក្រោមជាតិ" ក្រោមអធិបតីភាព ឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋមូលដ្ឋាននៃក្រសួងមហាផ្ទៃ និងលោក ម៉ែន គុណរ័ត្ន ប្រធានក្រុមការងារវិមជ្ឈការនៃកម្មវិធីធ្វើឱ្យប្រសើរឡើងដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋនៅប្រទេសកម្ពុជា (ISD-GIZ) នៅសណ្ឋាគារណូវ៉ូតែល ភ្នំពេញ។
វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងដោយសាលាជាតិរដ្ឋបាលមូលដ្ឋាន សហការជាមួយលេខាធិការដ្ឋាន គ.ជ.អ.ប អគ្គនាយកដ្ឋានរដ្ឋបាល និងក្រុមការងារយេនឌ័រនៃក្រសួងមហាផ្ទៃ ក្រសួងកិច្ចការនារី ក្រសួងមុខងារសាធារណៈ ដោយមានការគាំទ្រពីកម្មវិធីធ្វើឱ្យប្រសើរឡើងដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋនៅកម្ពុជា របស់កិច្ចសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់(ISD-GIZ) និងមានគោលបំណងអភិវឌ្ឍសមត្ថភាពដល់គ្រូបង្គោលថ្នាក់រាជធានី ខេត្ត ពាក់ព័ន្ធការលើកកម្ពស់សមភាពយេនឌ័រ បរិយាបន្ន និងសមធម៌សង្គម និងវិធីសាស្រ្តសម្រាប់ផ្ដល់ការបណ្តុះបណ្តាល ដើម្បីឱ្យគ្រូបង្គោលអាចផ្ដល់ការបណ្តុះបណ្តាលបន្តដល់ថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធ នៅរដ្ឋបាលរាធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ សិក្ខាកាមដែលចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលដែលមានរយៈពេល២ថ្ងៃនេះ រួមមានតំណាងក្រសួងមហាផ្ទៃ ក្រសួងកិច្ចការនារី ក្រសួងមុខងារសាធារណៈ លេខាធិការដ្ឋានគ.ជ.អ.ប. កម្មវិធីធ្វើឱ្យប្រសើរឡើងដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋនៅកម្ពុជា (ISD/GIZ) និងរដ្ឋបាលរាជធានី ខេត្ត ដែលមានចំនួនប្រមាណ១១៨រូប (ស្រ្តី៣៩រូប)៕