សាលាជាតិរដ្ឋបាលមូលដ្ឋាន

National School of Local Administration

ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អញ្ជើញជាអធិបតីក្នុងពិធីបិទកម្មវិធីបណ្ដុះបណ្ដាល របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន

២៣ ធ្នូ ២០២៣ 229 |
Share
ទីស្ដីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃសុក្រ ១០កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានរៀបចំពិធីបិទកម្មវិធីបណ្តុះបណ្តាល ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយក នាយករងសាលជាតិរដ្ឋបាលមូលដ្ឋាន លោក លោកស្រីប្រធាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ ចំណុះសាលាជាតិរដ្ឋបាលមូលដ្ឋាន និងសិក្ខាកាមជាច្រើនរូប នៅអគារ S ទីស្តីការក្រសួងមហាផ្ទៃ។
បន្ទាប់ពីលោក លឹម ពុទ្ធារី ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាល នៃសាលាជាតិរដ្ឋបាលមូលដ្ឋាន បានធ្វើសេចក្ដីរាយការណ៍សង្ខេបនៃកម្មវិធីបណ្ដុះបណ្ដាល ជូនគណៈអធិបតី និងអង្គពិធីទាំងមូលរួចមក ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងក្រុមការងារនៃសាលាជាតិរដ្ឋបាល ដែលបានខិតខំរៀបចំឱ្យមានការបណ្ដុះបណ្ដាលនានា ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍសមត្ថភាពរបស់មន្ត្រីរាជការស៊ីវិលទាំងនៅទីស្ដីការក្រសួងមហាផ្ទៃ និងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
នាឱកាសនោះដែរ ឯកឧត្តមសន្តិបណ្ឌិត ក៏បានមានប្រសាសន៍ថា ការអភិវឌ្ឍមូលធនមនុស្សសម្រាប់ស្ថាប័នសាធារណៈ និងរដ្ឋបាលថ្នាក់ក្រោមជាតិដើរតួនាទីជាយុទ្ធសាស្ត្រយ៉ាងសំខាន់ ក្នុងការពង្រឹង និងលើកកម្ពស់សមត្ថភាព និងប្រសិទ្ធភាពរបស់ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ក៏ដូចការអភិវឌ្ឍមូលដ្ឋានឱ្យមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងបរិយាបន្ន។ ឯកឧត្តមសន្តិបណ្ឌិត បានបន្តថា ដោយផ្អែកលើសារសំខាន់នៃការអភិវឌ្ឍធនធានមនុស្ស និងស្ថាប័ន ទាំងនៅទីស្តីការក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រសួងមហាផ្ទៃ បានអភិវឌ្ឍរចនាសម្ព័ន្ធ និងប្រព័ន្ធបណ្តុះបណ្តាលធនធានមនុស្សជាបន្តបន្ទាប់។ ជាមួយនេះ ក្រសួងមហាផ្ទៃ ក៏បានដាក់ចេញនូវប្រកាសពាក់ព័ន្ធកាតព្វកិច្ចរបស់មន្ត្រីរាជការស៊ីវិលនៅទីស្តីការក្រសួងមហាផ្ទៃ និងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការចូលរួមកម្មវិធីបណ្តុះបណ្តាលជាកាតព្វកិច្ច និងកម្មវិធីបណ្តុះបណ្តាលប្រចាំឆ្នាំ។ ស្របតាមស្មារតីនៃប្រកាសនេះ សាលាជាតិរដ្ឋបាលមូលដ្ឋានបាននិងកំពុងរៀបចំដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីបណ្តុះបណ្តាលជាកាតព្វកិច្ច និងកម្មវិធីបណ្តុះបណ្តាលពាក់ព័ន្ធមួយចំនួនទៀត តួយ៉ាង កម្មវិធីគ្រប់គ្រងកម្រិត២ និងកម្មវិធីវិក្រឹត្យការមូលដ្ឋាន ជាប្រភេទកម្មវិធីបណ្ដុះបណ្ដាលកាតព្វកិច្ច ហើយកម្មវិធីភាពជាអ្នកដឹកនាំសម្រាប់ស្ត្រី និងវគ្គជំនាញស្ដីពីសំណើគម្រោង ជាកម្មវិធីបណ្ដុះបណ្ដាលពិសេស និងជំនាញ។
ឯកឧត្តមសន្តិបណ្ឌិត រដ្ឋលេខាធិការប្រចាំការ សង្ឃឹមជឿជាក់ថា សិក្ខាកាមទាំងអស់នឹងខិតខំប្រែក្លាយចំណេះដឹង ក៏ដូចបទពិសោធន៍ថ្មីដែលទទួលបានក្នុងរយៈពេលនៃការសិក្សា ទៅជាការអនុវត្តជាក់ស្តែង នៅក្នុងការដឹកនាំ ការរៀបចំគោលនយោបាយ ក៏ដូចការបម្រើសេវាសាធារណៈ ឆ្ពោះទៅលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៅមូលដ្ឋានរបស់ខ្លួន សំដៅផ្តល់បរិយាកាសឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានរស់នៅក្នុងស្ថានភាពប្រកបដោយផាសុកភាព សុខដុមរមនា មានជីវភាពធូរធារ និងមានសន្តិសុខទាំងផ្លូវកាយនិងផ្លូវចិត្ត ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ដើម្បីរួមចំណែកសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចរីភាព របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចរបស់សហគមន៍អន្តរជាតិទាំងមូល និងរួមចំណែកសម្រេចបាននូវគោលដៅជាយុទ្ធសាស្រ្តដូចមានកំណត់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
បន្ទាប់ពីមានមតិសំណេះសំណាល និងផ្តល់អនុសាសន៍ប្រកបដោយអត្ថន័យថ្លៃថ្លាដល់អង្គពិធីទាំងមូលរួចមក ជាចុងបញ្ចប់នៃអង្គពិធី ឯកឧត្តមសន្តិបណ្ឌិត រដ្ឋលេខាធិការប្រចាំការ ក៍បានផ្តល់កិត្តិយសប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមជ័យលាភី និងថតរូបអនុស្សាវរីយ៍ផងដែរ។
សូមជម្រាបថា សាលាជាតិរដ្ឋបាលមូលដ្ឋាន បានរៀបចំនូវកម្មវិធីបណ្ដុះបណ្ដាលចំនួន៤ រួមមានកម្មវិធីគ្រប់គ្រងកម្រិត២ ជំនាន់ទី៤ ឆ្នាំ២០២៣ កម្មវិធីភាពជាអ្នកដឹកនាំស្រ្ដី ជំនាន់ទី៥ កម្មវិធីវិក្រឹត្យការមូលដ្ឋាន ជំនាន់ទី៧ ឆ្នាំ២០២៣ និងវគ្គជំនាញស្ដីពីសំណើគម្រោង ដែលមានសិក្ខាកាមសរុបចំនួន ១៧០រូប (ស្រី ៩៤រូប) ចាប់ពីថ្ងៃទី០២ ខែតុលា ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ដោយរៀបចំឆ្លាស់គ្នាតាមប្រព័ន្ធអនឡាញហ៊្សូម(Zoom) និងនៅទីស្ដីការក្រសួងមហាផ្ទៃ។ កម្មវិធីបណ្ដុះបណ្ដាលទាំង ៤នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាពដល់ក្រុមគោលដៅជាអភិបាលរងរាជធានី ខេត្ត អភិបាលរង ក្រុង ស្រុក ខណ្ឌ នាយក ឬនាយករងរដ្ឋបាល ក្រុង ស្រុក ខណ្ឌជាស្រ្ដី ប្រធានការិយាល័យនៃរដ្ឋបាលក្រុង ស្រុក និងមន្រ្ដីរាជការនៅទីស្ដីការក្រសួងមហាផ្ទៃក្នុងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព៕






Hollywood Sign on The Hill
កិច្ចប្រជុំលើកទី៧ របស់គណៈកម្មការដឹកនាំគម្រោងសាលាជា...
ថ្ងៃច័ន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០២៤ ១០:៤៤ ព្រឹក
Hollywood Sign on The Hill
កិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំខែមិថុនា និងលើកទិ...
ថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤ ១៤:៤២ ល្ងាច
Hollywood Sign on The Hill
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្...
ថ្ងៃអង្គារ ទី០៤ ខែមិថុនា ឆ្នាំ២០២៤ ១៧:៣៤ ល្ងាច
Hollywood Sign on The Hill
ឯកឧត្តមផាសុកបណ្ឌិត គាង សេង អញ្ជើញជាអធិបតីក្នុងពិធី...
ថ្ងៃច័ន្ទ ទី០៣ ខែមិថុនា ឆ្នាំ២០២៤ ១៥:២០ ល្ងាច
Hollywood Sign on The Hill
ឯកឧត្តម សូ មុនីរក្សា អញ្ជើញធ្វើបទឧទ្ទេសនាមលើមេរៀន...
ថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ២០២៤ ១៥:២១ ល្ងាច
Hollywood Sign on The Hill
ឯកឧត្តម សូ មុនីរក្សា អញ្ជេីញដឹកនាំកិច្ចប្រជុំបែងចែ...
ថ្ងៃច័ន្ទ ទី២៧ ខែឧសភា ឆ្នាំ២០២៤ ១៥:៣៩ ល្ងាច